យុវជនជំនាន់ក្រោយ ស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហមនៅមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង នាចុងសប្តាហ៍ទី២ខែកក្កដា មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង បានស្វាគមន៍ដំណើរមកកាន់ការិយាល័យរបស់ខ្លួន ពីសំណាក់យុវជនយុវនារីចំនួន៤៣នាក់ (ស្រី២៨នាក់) មកពីស្រុកកំចាយមារ ខេត្តព្រៃវែង។ អ្នកទាំងនោះ បានចំណាយពេលវេលារបស់ខ្លួនក្នុងពេលសម្រាកពីការសិក្សានៅក្នុងវិទ្យាល័យ ជាស៊ីម កំចាយមារ ដោយប្រើប្រាស់សិទ្ធិជាយុវជនជំនាន់ក្រោយ ក្នុងការចង់ស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ នៅក្នុងការិយាល័យមជ្ឈមណ្ឌលឯកសារកម្ពុជា នាចុងសប្តាហ៍នេះ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ គោលបំណងនៃការមកកាន់ទីតាំងការិយាល័យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តព្រៃវែង គឺដើម្បីរៀនសូត្របន្ថែមពីមាតិកាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងស្តាប់ការពន្យល់ពីគ្រូឧទ្ទេសទាក់ទងនឹងនិយមន័យនៃឧក្រិដ្ឋកម្មឃោរឃៅ និងវិធីសាស្ត្រទប់ស្កាត់អំពើហិង្សានានាដែលអាចឈានដល់ការកកើតអំពើប្រល័យពូជសាសន៍។ យុវជសទាំងអស់ ត្រូវបានណែនាំពីពិព័រណ៍រូបថតដែលដាក់តាំងបង្ហាញនៅក្នុង និងក្រៅការិយាល័យ តាមរយៈការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ព្រោះថាអាកាសធាតុនៅខាងក្រៅការិយាល័យមានភ្លៀងរលឹម និងពិបាកក្នុងការធ្វើដំណើរកាត់សួនច្បារដែលទើបនឹងកសាងរួច។ បន្ទាប់មក គ្រូឧទ្ទេសបានណែនាំពីមាតិកាប្រវត្តិសាស្ត្រខ្មែរក្រហមដោយសង្ខេប។ ចុងក្រោយនៃកម្មវិធីទស្សនាកិច្ច និងវេទិកាថ្នាក់រៀនចុងសប្តាហ៍របស់យើង គឺការផ្តល់ដល់ក្រុមយុវជននូវទិដ្ឋភាពរួមទាក់ទងនឹងវិធីសាស្ត្រសំខាន់ៗមួយចំនួនក្នុងការទប់ស្កាត់អំពើហិង្សាដែលអាចឈានដល់ការកកើតអំពើប្រល័យពូជសាសន៍។ យុវជនច្រើនលើសលុប បានសម្តែងនូវអារម្មណ៍រីករាយក្នុងការទទួលបាននូវចំណេះដឹងថ្មីស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម។ ទោះបីជាយ៉ាងដូច្នេះក៏ដោយ ក៏មានយុវជនតិចតូចបំផុត បានបង្ហាញឲ្យឃើញពីភាពអស់កម្លាំង និងនឿយហត់ ដោយសារតែអ្នកទាំងនោះ បានធ្វើដំណើរតាមផ្លូវឆ្ងាយ និងអាការៈរកកលខ្យល់។ ប៉ុន្តែ ក្នុងអំឡុងពេលប្រមាណមួយម៉ោងក្រោយការចាប់ផ្តើម យុវជនដែលមានអារម្មណ៍នឿយហត់ និងអស់កម្លាំងទាំងនោះ បានចាប់ផ្តើមផ្ចង់ការគិត និងយកចិត្តទុកដាក់ឡើងវិញ ហើយព្រមទាំងបានសួរសំណួរមួយចំនួនពីប្រវត្តិសាស្ត្រខ្មែរក្រហមទៀតផង។ នៅក្នុងផ្នែក «សំណួរនិងចម្លើយ» មានយុវជនច្រើននាក់ណាស់ បានងើបឡើងសួរសំណួរបន្តវេណគ្នា។ នេះបង្ហាញឲ្យឃើញថា អ្នកទាំងនោះបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនក្នុងការត្រងត្រាប់ស្តាប់ការពន្យល់ និងពិភាក្សាអំពីប្រវត្តិសាស្ត្រខ្មែរក្រហមជាមួយគ្រូឧទ្ទេស។ ស្ថិតក្នុងពេលវេលាចុងក្រោយនៃវេទិកាថ្នាក់រៀន យុវជនសជាច្រើននាក់នៅតែមានសំណួរ ហើយសំណួរទាំងនោះនៅមិនទាន់ទទួលបានចម្លើយឡើយ ព្រោះថាកម្មវិធីវេទិកាថ្នាក់រៀនរបស់យើង បានឈានដល់ម៉ោងជាង១២ថ្ងៃត្រង់ទៅហើយ ហើយយើងក៏មិនចង់បន្តទៀតដែរ ព្រោះថាយុវជនក្មេងៗទាំងនោះ ពិតជាឃ្លានបាយ និងនឿយហត់ច្រើនចំពោះពេលវេលាជាងពីរម៉ោងកន្លងមកផង។ លោកនាយកវិទ្យាល័យឈ្មោះ ជិន ភិរម្យ ដែលបានស្ម័គ្រចិត្តដឹកនាំក្រុមយុវជនមកកាន់ការិយាល័យរបស់យើង បានបង្ហាញពីអារម្មណ៍រីករាយ និងបានថ្លែងអំណរគុណចំពោះការផ្តល់ឱកាសដល់យុវជនក្មេងៗជំនាន់ក្រោយ បានចូលរួមស្វែងយល់ និងបង្កើនចំណេះដឹងពីប្រវត្តិសាស្ត្រខ្មែរក្រហម។ លោកនាយក ក៏មានបំណងប្រាថ្នាចង់ឲ្យយុវជនដទៃទៀតដែលមានបំណង់ចង់មកដែរ បានចូលរួមនៅក្នុងឱកាសក្រោយទៀតប្រសិនជាមជ្ឈមណ្ឌលឯកសារកម្ពុជា អនុញ្ញាត និងបង្កើតកម្មវិធីដូចគ្នានេះទៀត។ ជាមួយនឹងការលើកឡើងនេះ លោកនាយកក៏ស្នើសុំឲ្យយុវជនទាំងនោះបានទៅទស្សនៈកិច្ចសិក្សានៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងទីតាំងវាលពិឃាតបឹងជើងឯងដែរ។ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា បានប្រាប់គាត់ឲ្យធ្វើទំនាក់ទំនងផ្ទាល់ទៅកាន់លោក ហង្ស និស័យ ជាប្រធានសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងដោយផ្ទាល់ ដើម្បីជ្រាបច្បាស់ពីព័ត៌មានលម្អិតស្តីពីការរៀបចំដំណើរទស្សនៈកិច្ចសិក្សានេះ។ របាយការណ៍៖ ភា រស្មី រូបថត៖ ភួង សុខថា គ្រូឧទ្ទេស៖ ផេង ពង្សរ៉ាស៊ី អ្នកសម្របសម្រួល៖ សូ ហាន់